ព្រះត្រៃបិដក ភាគ ២៤
[២៤៣] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួកព្រាហ្មណ៍ ជាវណ្ណៈខ្ពស់ ជនដទៃជាវណ្ណៈទាប ពួកព្រាហ្មណ៍ ជាវណ្ណៈស ជនដទៃជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ បរិសុទ្ធ ជនមិនមែនព្រាហ្មណ៍ មិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ ជាបុត្តរបស់ព្រហ្ម ជាឱរសកើតអំពីព្រះឱស្ឋព្រហ្ម មានព្រហ្មជាកំណើត ព្រហ្មបានតាក់តែងឲ្យកើត ជាអ្នកទទួលមត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយនេះឯង។
[២៤៤] កាលបើព្រះកច្ចានៈ បានសំដែងយ៉ាងនេះហើយ ព្រះបាទមធុររាជអវន្តិបុត្ត បានពោលសេចក្តីនេះ ទៅនឹងព្រះមហាកច្ចានៈដ៏មានអាយុវិញថា បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចំរើន ធម៌ដែលព្រះកច្ចានៈដ៏ជំរើនសំដែងហើយ ដោយអនេកបរិយាយនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ បានឃើញរូបទាំងឡាយ
ID: 636830266199965270
ទៅកាន់ទំព័រ៖