ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្ត របស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូលពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[២៤៨] សញ្ជិកាបុត្តមាណព លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទយុគលព្រះគោតមជាម្ចាស់ ដោយត្បូង ក្រាបទូលសួរការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ ជាគ្រឿងនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គ យ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង សញ្ជិកាបុត្តមាណព ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចូលទៅគាល់ពោធិរាជកុមារ លុះចូលទៅដល់ហើយ ក៏ក្រាបទូលពោធិរាជកុមារ យ៉ាងនេះថា ខ្ញុំព្រះអង្គ បានក្រាបបង្គំទូល
ID: 636830267819217886
ទៅកាន់ទំព័រ៖