ព្រះត្រៃបិដក ភាគ ២៤
[២៤៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់និវេសនដ្ឋាន របស់ពោធិរាជកុមារ។ សម័យនោះឯង ពោធិរាជកុមារ ឋិតនៅខាងក្រៅខ្លោងទ្វារ រង់ចាំព្រះមានព្រះភាគ។ ពោធិរាជកុមារ បានឃើញព្រះមានព្រះភាគ ស្តេចមកអំពីចំងាយ លុះឃើញហើយ ក៏ក្រោកទៅទទួល ក្រាបថ្វាយបង្គំព្រះមានព្រះភាគ នាំស្តេចទៅកាន់កោកនុទប្រាសាទ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ឈប់បង្អង់នៅកាំជណ្តើរជាន់ខាងក្រោមបំផុត។ លំដាប់នោះ ពោធិរាជកុមារ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ កាលពោធិរាជកុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះ អស់វារៈពីរដងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។
ID: 636830268344417925
ទៅកាន់ទំព័រ៖