ព្រះត្រៃបិដក ភាគ ២៤
បុរសនោះ កាលកាន់យកឈើពំនួតខាងលើ មកពួតនឹងឈើស្ងួត ជាឈើពុក ដែលគេដាក់លើគោក នៅឆ្ងាយពីទឹកឯណោះ នឹងពួតឲ្យកើតភ្លើង នឹងធ្វើតេជោធាតុ ឲ្យកើតបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះ ទើបកើតបាន រឿងនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះឈើស្ងួតឯណោះ ជាឈើពុក ថែមទាំងឈើនោះសោត គេដាក់លើគោក នៅឆ្ងាយពីទឹកផង។ ម្នាលរាជកុមារ សេចក្តីនេះ មានឧបមេយ្យដូចពួកសមណព្រាហ្មណ៍ណាមួយ ចៀសចេញ ចាកកាមទាំងឡាយ ដោយកាយហើយ ទាំងសេចក្តីពេញចិត្តព្រោះកាម សេចក្តីស្នេហាព្រោះកាម សេចក្តីជ្រប់ព្រោះកាម សេចក្តីស្រេកឃ្លានព្រោះកាម និងសេចក្តីក្រហល់ក្រហាយព្រោះកាម ក្នុងវត្ថុកាមទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ក៏បានលះបង់ដោយប្រពៃ បានធ្វើឲ្យស្ងប់រម្ងាប់ ដោយប្រពៃ នូវវត្ថុកាមនោះ ឰដ៏ខាងក្នុង។ ទោះបីពួកសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ បានទទួលវេទនា ជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពីសេចក្តីព្យាយាម
ID: 636830272860776246
ទៅកាន់ទំព័រ៖