ព្រះត្រៃបិដក ភាគ ២៤
មនុស្សទាំងឡាយពួកខ្លះ នាំគ្នានិយាយយ៉ាងនេះថា ព្រះសមណគោតម មិនមែនមានសម្បុរខ្មៅទេ ព្រះសមណគោតម មានសម្បុរសណ្តែកបាយទេតើ។ មនុស្សទាំងឡាយពួកខ្លះ និយាយគ្នាយ៉ាងនេះថា ព្រះសមណគោតម មិនមែនមានសម្បុរខ្មៅទេ ទាំងមិនមែនមានសម្បុរសណ្តែកបាយ គឺព្រះសមណគោតម មានសម្បុរប្រផែះទេតើ។ ម្នាលរាជកុមារ ឆវិវ័ណ្ណរបស់តថាគត ដ៏បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ហើយត្រឡប់ទៅជាអាប់អន់ទៅវិញ ព្រោះទោសដែលមានអាហារតិចនោះឯង។
[២៦៥] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានទទួលវេទនា ជាទុក្ខដ៏ក្លៀវក្លាខ្លោចផ្សា ដែលកើតអំពីសេចក្តីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះឡើយ។ មួយទៀត ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងទទួលវេទនា ជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពីសេចក្តីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះឡើយ។ ពួកសមណព្រាហ្មណ៍ណា ក្នុងបច្ចុប្បន្ន កំពុងទទួលវេទនា ជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពីសេចក្តីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះឡើយ។
ID: 636830276777200253
ទៅកាន់ទំព័រ៖