ព្រះត្រៃបិដក ភាគ ២៤
[២៨៧] ដំណាលថា ព្រះភគវន្តមុនី ព្រះអង្គគង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គាប់ចួនសម័យនោះ ពួកមហាជន កំពុងតែប្រជុំគ្នា ទៀបទ្វារខាងក្នុងបុរី របស់ព្រះបាទបសេនទិកោសល ស្រែកហ៊ោគឹកកងថា បពិត្រព្រះសម្មតិទេព ក្នុងដែនរបស់ព្រះអង្គ មានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀន និងការសម្លាប់ ឥតមានសេចក្តីអាណិតអាសូរពួកសត្វមានជីវិតឡើយ វាតែងធ្វើស្រុក ឲ្យទៅជាមិនមែនស្រុកក៏មាន ធ្វើនិគមឲ្យទៅជាមិនមែននិគមក៏មាន ធ្វើជនបទ ឲ្យទៅជាមិនមែនជនបទក៏មាន វាតែងសម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃ មកធ្វើជាកម្រងពាក់ សូមព្រះសម្មតិទេព កំចាត់អង្គុលិមាលចោរនោះចេញ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចេញអំពីក្រុងសាវត្ថី ដោយអស្សយានចំនួន៥០០ ស្តេចចូលទៅកាន់អារាម ក្នុងវេលាទាំងថ្ងៃ បរយានទៅទល់ត្រឹមទីដែលឈប់យាន ហើយស្តេចចុះអំពីយាន ស្តេចទៅតែព្រះបាទាទទេ ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីដ៏សមគួរ។
ID: 636830290478793939
ទៅកាន់ទំព័រ៖