ព្រះត្រៃបិដក ភាគ ២៤
ប្រាសចាកសេចក្តីស្រេកឃ្លាន មានចិត្តស្ងប់រម្ងាប់ តាំងនៅក្នុងសន្តាន សម្រាន្តនៅ។ តថាគតនោះ ឃើញសត្វទាំងឡាយឯទៀត មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ ដែលសេចក្តីប្រាថ្នាក្នុងកាមកំពុងទំពាស៊ី ជាអ្នកក្តៅក្រហាយ ដោយសេចក្តីក្តៅក្រហាយព្រោះកាម កំពុងសេពនូវកាមទាំងឡាយ តថាគតនោះ មិនប្រាថ្នាពួកជននោះ មិនរីករាយ ក្នុងការសេពកាមនោះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលមាគណ្ឌិយៈ ព្រោះថា កាលបុគ្គលត្រេកអរ ដោយសេចក្តីត្រេកអរ វៀរលែងចាកកាមទាំងឡាយ វៀរលែងចាកអកុសលធម៌ទាំងឡាយ ក៏នៅជាអ្នកថោកថយ ព្រោះហេតុដូច្នោះ តថាគត ទើបមិនប្រាថ្នា មិនរីករាយ ក្នុងការសេពកាមនោះឡើយ។
[៤៣] ម្នាលមាគណ្ឌិយៈ ដូចជាគហបតី ឬគហបតិបុត្ត ដែលមានទ្រព្យច្រើនស្តុកស្តម្ភ មានសម្បត្តិច្រើន ស្កប់ស្កល់មូលមិត្ត ឲ្យគេបម្រើដោយកាមគុណទាំង៥ គឺដោយរូប ដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ដោយសំឡេង ដែលគប្បីដឹងដោយសោតៈ។បេ។ ដោយក្លិន ដែលគប្បីដឹងដោយឃានៈ។បេ។ ដោយរសដែលគប្បីដឹងដោយជីវ្ហា។បេ។ ដោយផោដ្ឋព្វៈ ដែលគប្បីដឹងច្បាស់ដោយកាយ ជាទី
ID: 636830163705370983
ទៅកាន់ទំព័រ៖