ព្រះត្រៃបិដក ភាគ ២៤
ព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ហើយធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយបញ្ញារបស់ខ្លួន ហើយអាចសំដែងបាន ក៏មិនមានក្នុងលោកឡើយ បុរសនេះ កើតអំពីមហាភូតរូប៤ លុះធ្វើមរណកាលក្នុងវេលាណា បឋវីធាតុខាងក្នុង ក៏ប្រែក្លាយទៅជាបឋវីធាតុខាងក្រៅ អាបោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាអាបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាតេជោធាតុខាងក្រៅ វាយោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយទាំងឡាយ ក៏អណ្តែតត្រសែតទៅឯអាកាស ពួកបុរស (៤នាក់) មានគ្រែជាគំរប់៥ សែងយកបុរសស្លាប់ (នោះ) ទៅ ស្នាមជើង គឺគុណ និងទោស ក៏ប្រាកដនៅកំណត់ត្រឹមទីឈាបនកិច្ចប៉ុណ្ណោះ សល់នៅតែឆ្អឹងដែលមានសម្បុរ (ប្រផែះ) ដូចជាស្លាបនៃសត្វព្រាប ឯគ្រឿងសក្ការបូជា មានផែះជាទីបំផុត ទាននេះ ពួកមនុស្សពាលកំឡៅ បញ្ញត្តទុកមកទេ ជនទាំងឡាយណា ពោលពាក្យថា អំពើមានទានជាដើម មានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនពាលក្តី ជនជាបណ្ឌិតក្តី លុះបែកធ្លាយរាងកាយ ស្លាប់ទៅហើយ រមែងដាច់សូន្យ វិនាសបាត់បង់ មិនកើតវិញទៀតឡើយ។
ID: 636830172007395831
ទៅកាន់ទំព័រ៖