ព្រះត្រៃបិដក ភាគ ២៥
ព្រះភមូ (ចិញ្ចើម) មានពណ៌ស ទន់ល្វន់ ដូចជាសំឡី១ ព្រះគោតមដ៏ចំរើននោះ មានព្រះឧណ្ហិសៈ (ថ្ងាស ឬក្បាំង) និងព្រះសិរ្ស ដ៏បរិបូណ៌ នេះជា មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១។ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ ប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២នេះឯង។ ព្រះគោតមដ៏ចំរើននោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ រមែងទ្រង់ឈានព្រះបាទខាងស្តាំទៅជាមុន ព្រះអង្គលើកជំហានព្រះបាទមិនឆ្ងាយពេក ដាក់ព្រះបាទមិនជិតពេក ព្រះអង្គទ្រង់ពុទ្ធដំណើរទៅ មិនរហ័សពេក ទ្រង់ពុទ្ធដំណើរទៅ មិនយឺតពេក ទ្រង់ពុទ្ធដំណើរទៅ មិនទង្គិចព្រះជានុដោយព្រះជានុ ទ្រង់ពុទ្ធដំណើរទៅ មិនទង្គិចព្រះគោប្ផកៈ (ភ្នែកគោ) ដោយព្រះគោប្ផកៈ ព្រះគោតមនោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ មិនលើកព្រះឧរុ (ភ្លៅ) ទៅខាងមុខ មិនសណ្តូកព្រះឧរុមកខាងក្រោយ មិនធ្វើព្រះឧរុ ឲ្យជាប់រឹងស្តូក មិនកែក្រាយព្រះឧរុ ព្រះគោតមដ៏ចំរើននោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ មានព្រះកាយខាងលើ រឹងប៉ឹង មិនបានកំរើក មិនទ្រង់ពុទ្ធដំណើរទៅ ដោយកំឡាំងព្រះកាយឡើយ ព្រះគោតមដ៏ចំរើននោះ កាលដែលទតព្រះនេត្រ ក្រឡេកមើល រមែងក្រឡេកមើលទៅ ដោយទាំងកាយ
ID: 636872256131763936
ទៅកាន់ទំព័រ៖