ព្រះត្រៃបិដក ភាគ ២៥
កិច្ចដែលត្រូវធ្វើ ក៏បានធ្វើស្រេចអស់ហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលមិនកំដៅខ្លួនឯង ទាំងមិនប្រកបការព្យាយាមកំដៅខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកបការព្យាយាមកំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរលត់ទុក្ខ ត្រជាក់ត្រជុំ សោយសេចក្តីសុខ មានខ្លួនប្រសើរ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក្នុងបច្ចុប្បន្ននេះឯង។
[៦១] កាលដែលឧទេនភិក្ខុ ពោលយ៉ាងនេះរួចហើយ ឃោដមុខព្រាហ្មណ៍ បាននិយាយនឹងឧទេនភិក្ខុមានអាយុ ដូច្នេះថា បពិត្រឧទេនដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រឧទេនដ៏ចម្រើន ភ្លឺច្បាស់ណាស់ ធម៌ដែលលោកម្ចាស់ឧទេនដ៏ចំរើន សំដែងដោយអនេកបរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា បុរសមានចក្ខុ រមែងឃើញរូបទាំងឡាយបាន ខ្ញុំសូមដល់នូវព្រះឧទេនដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះឧទេនដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត។
ID: 636872294340269338
ទៅកាន់ទំព័រ៖