ព្រះត្រៃបិដក ភាគ ២៥
ទ្រង់គង់នៅក្នុងសាលវ័ន ជាទេវវ័ន ក្បែរឱបាសាទគ្រាម ជាខាងជើងនៃឱបាសាទគ្រាម ក៏កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ឮល្បីខ្ចរខ្ចាយ សុះសាយមក យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអហរន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ ដើរចូលទៅដើម្បីគាល់ព្រះគោតមដ៏ចំរើន។ ចង្កីព្រាហ្មណ៍និយាយថា ម្នាលខត្តៈដ៏ចំរើន បើដូច្នោះ អ្នកចូរចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងឱបាសាទគ្រាម យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ចង្កីព្រាហ្មណ៍ បាននិយាយយ៉ាងនេះថា សូមឲ្យអ្នកដ៏ចំរើនទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះសមណគោតមដែរ។ ខត្តាមាត្យនោះ ទទួលពាក្យចង្កីព្រាហ្មណ៍ថា បាទ លោកដ៏ចំរើន រួចចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ
ID: 636872295823494173
ទៅកាន់ទំព័រ៖