ព្រះត្រៃបិដក ភាគ ២៥
មួយទៀត ចង្កីដ៏ចំរើន មានរូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយពណ៌សម្បុរដ៏ល្អក្រៃលែង មានព្រះវ័ណ្ណ ស្រដៀងនឹងព្រហ្ម មានសរីរៈស្រដៀងគ្នានឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង មួយទៀត ចង្កីដ៏ចំរើន ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន មួយទៀត ចង្កីដ៏ចំរើន មានសំដីពីរោះ និយាយសំដីពីរោះ ប្រកបដោយសំដីអ្នកក្រុង ជាសំដីច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន មួយទៀត ចង្កីដ៏ចំរើន ជាអាចារ្យ ជាប្រធានលើអាចារ្យនៃពួកជនច្រើន បានបង្រៀនមន្តមាណព ៣០០នាក់ មួយទៀត ចង្កីដ៏ចំរើន ព្រះបាទបសេនទិកោសល តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែងចង្កីដ៏ចំរើនដែរ មួយទៀត ចង្កីដ៏ចំរើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ចង្កីដ៏ចំរើន
ID: 636872296396486947
ទៅកាន់ទំព័រ៖