ព្រះត្រៃបិដក ភាគ ២៥
នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺព្រះរាជទានដោយដាច់ខាត ដោយហេតុណា ហេតុនេះ បានជាថា ចង្កីដ៏ចំរើន មិនគួរចូលទៅចួបនឹងព្រះសមណគោតមឡើយ គួរតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចំរើនវិញ។
[៦៧] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ ចូរស្តាប់ពាក្យខ្ញុំសិនថា បើទុកជាយ៉ាងណាៗ ក៏គួរតែយើងចូលទៅគាល់ព្រះសមណគោតមនោះវិញ មិនគួរឲ្យព្រះគោតមដ៏ចំរើននោះ ចូលមកចួបនឹងយើងទេ នែអ្នកទាំងឡាយដ៏ចំរើន ឮថា ព្រះសមណគោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងពីតំណនៃព្រះអយ្យកោ អយ្យិកា ជាគំរប់៧មក មិនមានអ្នកណាតិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ព្រះសមណគោតម មានជាតិដ៏ល្អ ទាំងពីរចំណែក។បេ។ ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនេះ
ID: 636872296617469586
ទៅកាន់ទំព័រ៖