ព្រះត្រៃបិដក ភាគ ២៥
លុះព្រះអង្គសោយរួចហើយ ទ្រង់អនុមោទនា មិនតិះដៀលភត្តនោះ មិនប្រាថ្នានូវភត្តដទៃទៀតឡើយ។ ព្រះអង្គ ទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយពិត។ លុះព្រះអង្គទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ ចេញទៅ។ ព្រះអង្គទ្រង់ស្តេចទៅមិនបានលឿនពេក មិនបានតិចពេក ទ្រង់ស្តេចទៅ មិនប្រាថ្នានឹងឃ្លាតឆ្ងាយ អំពីបរិស័ទឡើយ។ ចីវរក្នុងកាយ របស់ព្រះគោតមដ៏ចំរើននោះ មិនឡើងលើពេក មិនចុះក្រោមពេក
(១) មិនទទឹកស្អិតជាប់នៅក្នុងកាយ ដោយញើសក្អែល ទាំងមិនរបូតចាកកាយឡើយ។ ខ្យល់
(២) ក៏មិនបក់សើយចីវរ អំពីកាយរបស់ព្រះគោតមដ៏ចំរើន។ ធូលី និងក្អែល ក៏មិនដិតជាប់ នៅក្នុងកាយរបស់ព្រះគោតមដ៏ចំរើននោះ។ ព្រះគោតមនោះ ស្តេចទៅកាន់អារាម ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ លុះគង់រួចហើយ ទ្រង់លាងព្រះបាទ។
(១) ភិក្ខុដែលឃ្លុំចីវរឲ្យឡើងលើ ដរាបដល់ទល់នឹងឆ្អឹងចង្កា ហៅថា ឡើងលើពេក។ ភិក្ខុដែលឃ្លុំចីវរឲ្យចុះក្រោម ដរាបដល់កជើង ហៅថា ចុះក្រោមពេក។ (២) ទុកជាខ្យល់កំបុតត្បូង ក៏មិនអាចបក់ឲ្យកក្រើកបានដែរ។ អដ្ឋកថា។
ID: 636872257317071732
ទៅកាន់ទំព័រ៖