ព្រះត្រៃបិដក ភាគ ២៥
ជាបុគ្គលបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាចនាំយក នូវកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ដុសជំរះក្អែលបាន ក្សត្រិយ៍ជំរះមិនបាន វេស្សៈជំរះមិនបាន សុទ្ទៈជំរះមិនបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតម ដ៏ចំរើន សូម្បីក្សត្រិយ៍ ក៏អាចយកកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានដែរ បពិត្រព្រះគោតមដ៏ចំរើន សូម្បីព្រាហ្មណ៍ .... បពិត្រព្រះគោតមដ៏ចំរើន សូម្បីវេស្សៈ... បពិត្រព្រះគោតមដ៏ចំរើន សូម្បីសុទ្ទៈ... បពិត្រព្រះគោតមដ៏ចំរើន ពួកវណ្ណៈ ទាំង៤ សុទ្ធតែអាចយកកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានទាំងអស់។
ID: 636872305732460934
ទៅកាន់ទំព័រ៖