ព្រះត្រៃបិដក ភាគ ២៥
វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ ក៏ដូចគ្នាយ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច ក្សត្រិយ៍ ជារាជា ដែលបានមុទ្ធាភិសេកហើយ ក្នុងលោកនេះ ប្រជុំពួកបុរស ១០០នាក់ ដែលមានជាតិផ្សេងៗគ្នាថា អ្នកដ៏ចំរើនទាំងឡាយ ចូរមក បណ្តាបុរសទាំងនោះ ពួកបុរសណា ដែលកើតអំពីខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល
(១) ពួកបុរសនោះ ចូរកាន់យក នូវឈើពំនួតខាងលើ (កូនពំនួតជាវិការៈ) នៃឈើស្រាយ ឬឈើខ្លឹម ស្រល់ ខ្លឹមចន្ទន៍ ឬឈូក ពួតបង្កាត់ភ្លើង ឲ្យភ្លើងឆេះប្រាកដឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តាបុរសទាំងនោះ ពួកបុរសណា ដែលកើតអំពីត្រកូលចណ្ឌាល អំពីត្រកូលនេសាទ អំពីវេណុត្រកូល (ត្រកូលត្បាញផែង) អំពីរថការត្រកូល (ត្រកូលអ្នកធ្វើរថ) អំពីបុក្កុសត្រកូល (ត្រកូលអ្នកកើបសម្រាម) ពួកបុរសទាំងនោះ ចូរយកឈើពំនួតខាងលើ (ជាវិការៈ) នៃស្នូកឆ្កែ ឬស្នូកជ្រូក ស្នូកជាងជ្រលក់ ឬដើមល្ហុងប្រេង ពួតបង្កាត់ភ្លើង ឲ្យភ្លើងឆេះប្រាកដឡើង។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច
(១) ស្តេចដែលមិនទាន់បានរាជាភិសេក។
ID: 636872306180036534
ទៅកាន់ទំព័រ៖