ព្រះត្រៃបិដក ភាគ ២៥
ធនញ្ជានិសូត្រ ទី៧
[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសារីបុត្រមានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ គ្រានោះ មានភិក្ខុមួយរូប នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះ រួចហើយ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ឯទក្ខិណាគិរិជនបទ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹងព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងគួររីករាយហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៩០] ព្រះសារីបុត្រមានអាយុ បានសួរភិក្ខុនោះ ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយពលទេឬ។ ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយពលទេ។ ម្នាលអាវុសោ ចំណែកខាងភិក្ខុសង្ឃ មិនមានរោគ ទាំងមានកំឡាំងទេឬ។
ID: 636872307253547935
ទៅកាន់ទំព័រ៖