ព្រះត្រៃបិដក ភាគ ២៥
ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រឡប់ពីបិណ្ឌបាត ក្នុងពេលខាងក្រោយនៃភត្ត ក៏ចូលទៅរកធនញ្ជានិព្រាហ្មណ៍។ ធនញ្ជានិព្រាហ្មណ៍ បានឃើញព្រះសារីបុត្រមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ ក៏ដើរចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ និយាយនឹងព្រះសារីបុត្រមានអាយុ យ៉ាងនេះថា បពិត្រព្រះសារីបុត្រដ៏ចំរើន សូមលោកនិមន្តមកណេះបន្តិច សូមព្រះសារីបុត្រ ឆាន់ទឹកដោះសិន ទម្រាំដល់ភត្តកាល។ ម្នាលព្រាហ្មណ៍ កុំឡើយ ថ្ងៃនេះ អាត្មាធ្វើភត្តកិច្ចរួចហើយ អាត្មានឹងទៅនៅសម្រាកក្នុងវេលាថ្ងៃ ឯម្លប់ឈើឯណោះ អ្នកត្រូវមកក្នុងទីនោះ។ ឯធនញ្ជានិព្រាហ្មណ៍ ក៏ទទួលស្តាប់ព្រះសារីបុត្រមានអាយុថា ករុណា លោកដ៏ចំរើន។ ពេលនោះ ធនញ្ជានិព្រាហ្មណ៍ បរិភោគក្នុងវេលាព្រឹករួចហើយ ដល់ពេលជាខាងក្រោយនៃភត្ត ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ ជាមួយព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យគួររាក់ទាក់ និងគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
ID: 636872307869763181
ទៅកាន់ទំព័រ៖