ព្រះត្រៃបិដក ភាគ ២៥
[១០២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែចិញ្ចឹមកាយ ឲ្យធំធាត់ចំរើន ពួកនិរយបាល ចាប់ទាញមនុស្សនោះ ទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ មនុស្សនោះ ត្រូវបានសេចក្តីអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ឬក៏ពួកមនុស្សឯទៀត របស់អ្នកនោះ ត្រូវបានសេចក្តីជួយអង្វរថា មនុស្សនោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ក្នុងនរកដែរ។
[១០៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតា និងបិតាទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌
(១) ប្រព្រឹត្តស្មើ ព្រោះហេតុតែមាតា និងបិតាទាំងឡាយក្តី អំពីណាប្រសើរជាង។
(១) អដ្ឋកថា ថា បានដល់ការងារទាំងឡាយ មានភ្ជួររាស់ និងជំនួញ ដែលប្រកបដោយធម៌ ជាដើម។
ID: 636872309869647567
ទៅកាន់ទំព័រ៖