ព្រះត្រៃបិដក ភាគ ២៥
អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន ចំណែកឯមនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែកូន និងប្រពន្ធ អំពើនោះឯង ទើបប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយដទៃ ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលពួកមនុស្សអាចចិញ្ចឹមកូន និងប្រពន្ធបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១០៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះតែទាសៈ និងបុរសជាកម្មករក្តី មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ
ID: 636872310313792971
ទៅកាន់ទំព័រ៖