ព្រះត្រៃបិដក ភាគ ២៥
[១១១] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជាក្តី មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជាក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើរាជការរបស់ព្រះរាជាបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១១២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពីណាប្រសើរជាង។
ID: 636872311507671257
ទៅកាន់ទំព័រ៖