ព្រះត្រៃបិដក ភាគ ២៥
[១១៥] លំដាប់នោះ ព្រះសារីបុត្រមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ចូលទៅនិវេសនដ្ឋានរបស់ធនញ្ជានិព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុកប្រគេន។ លុះព្រះសារីបុត្រមានអាយុគង់ហើយ ក៏និយាយនឹងធនញ្ជានិព្រាហ្មណ៍ យ៉ាងនេះថា នែធនញ្ជានិ (យន្ត គឺសរីរៈដែលមានចក្រ៤ មានទ្វារ៩) អ្នកអត់សង្កត់បានទេឬ អ្នកឲ្យប្រព្រឹត្តទៅបានស្រួលបួលឬទេ ទុក្ខវេទនាស្រាកស្រាន្ត មិនរឹតឡើងទេឬ ប្រាកដជាសះស្បើយ មិនរឹតចំរើនឡើងទេឬ។
[១១៦] ធនញ្ជានិព្រាហ្មណ៍ទូលថា បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្ត ដែលមានចក្រ៤ មានទ្វារ៩ ខ្ញុំព្រះករុណាអត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណារឹតតែចំរើនឡើង មិនស្រាកស្រាន្តទេ មានតែចំរើនឡើង មិនប្រាកដជាស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំង ចាក់ក្បាលដោយដែកស្រួចដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន ខ្យល់ទាំងឡាយដ៏ខ្លាំងហួសប្រមាណ ចាក់ដោតនូវក្បាលខ្ញុំព្រះករុណា ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ
ID: 636872312276555235
ទៅកាន់ទំព័រ៖