ព្រះត្រៃបិដក ភាគ ២៥
ពួកតុសិតទេវតា ប្រសើរជាងពួកយាមទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកតុសិតទេវតាក្តី ពួកនិម្មានរតិទេវតាក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកនិម្មានរតិទេវតា ប្រសើរជាងពួកតុសិតទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកនិម្មានរតិទេវតាក្តី ពួកបរនិម្មិតវសវត្តិទេវតាក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកបរនិម្មិតវសវត្តិទេវតា ប្រសើរជាងពួកនិម្មានរតិទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកបរនិម្មិតវសវត្តិទេវតាក្តី ព្រហ្មលោកក្តី ណាប្រសើរជាង។ ព្រះសារីបុត្រដ៏ចំរើន សំដែងថាព្រហ្មលោក ព្រះសារីបុត្រដ៏ចំរើន សំដែងថាព្រហ្មលោក។ គ្រានោះ ព្រះសារីបុត្រមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ ចុះចិត្តស៊ប់តែនឹងព្រហ្មលោក បើដូច្នោះ គួរតែអញសំដែងផ្លូវ ដើម្បីឲ្យបានកើតរួមនឹងព្រហ្មទាំងឡាយ ដល់ធនញ្ជានិព្រាហ្មណ៍ចុះ។ ទើបព្រះថេរៈសំដែងថា នែធនញ្ជានិ អាត្មានឹងសំដែងផ្លូវដើម្បីបានកើតរួមនឹងព្រហ្មទាំងឡាយ អ្នកចូរស្តាប់រឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យស្រួលចុះ
ID: 636872312993186224
ទៅកាន់ទំព័រ៖