ព្រះត្រៃបិដក ភាគ ២៥
ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប មកដល់ក្រុងមិថិលា ទ្រង់គង់នៅក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា ឯកិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹង ដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ត្រៃភពទៀតហើយ ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ឧត្តមដោយព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គទ្រង់សំដែងនូវធម៌ មានលំអខាងដើម មានលំអកណ្តាល មានលំអខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ក៏ការបានចួបនឹងព្រះអរហន្ត មានសភាពដូច្នោះ ជាការប្រពៃពេកណាស់។
ID: 636872258166720329
ទៅកាន់ទំព័រ៖