ព្រះត្រៃបិដក ភាគ ២៥
ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្ត្រាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលភារទ្វាជៈដ៏ចំរើន មក យើងនឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងទូលសួរសេចក្តីនុ៎ះ នឹងព្រះសមណគោតម ព្រះសមណគោតម នឹងដោះស្រាយ ដល់យើងទាំងពីរនាក់ យ៉ាងណា យើងនឹងចាំទុកសេចក្តីនោះយ៉ាងនោះ។ ឯភារទ្វាជមាណព ក៏បានទទួលពាក្យរបស់វាសេដ្ឋមាណពថា យ៉ាងហ្នឹងហើយ អ្នកដ៏ចំរើន។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព បាននាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
ID: 636872314580977040
ទៅកាន់ទំព័រ៖