ព្រះត្រៃបិដក ភាគ ២៥
បុគ្គលណា កាត់បង់នូវសំយោជនៈទាំងអស់ ហើយមិនបានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តីចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍ បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចងគំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និងការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានអធិវាសនក្ខន្តីជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មានសរីរៈតាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍
ID: 636872316405661406
ទៅកាន់ទំព័រ៖