ព្រះត្រៃបិដក ភាគ ២៥
[១៣០] ម្នាលមាណព ហេតុជាទីតាំងនៃការងារ របស់ឃរាវាស មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃកសិកម្ម គឺការភ្ជួររាស់ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ របស់ឃរាវាស មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃកសិកម្ម ដែលមានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំង នៃបព្វជ្ជាកម្ម គឺការបួស មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម គឺការលក់ដូរ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។
ID: 636872319720731017
ទៅកាន់ទំព័រ៖