ព្រះត្រៃបិដក ភាគ ២៥
ឈ្មោះ វាមទេវៈ ១ ឈ្មោះ វេស្សាមិត្តៈ ១ ឈ្មោះ យមតគ្គិ ១ ឈ្មោះ អង្គីរសៈ ១ ឈ្មោះ ភារទ្វាជៈ ១ ឈ្មោះ វាសេដ្ឋៈ ១ ឈ្មោះ កស្សបៈ ១ ឈ្មោះ ភគុ ១ ឥសីទាំងនោះ បានពោលហើយយ៉ាងនេះថា ពួកយើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។
[១៣៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥នេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះទេ បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យប្រធានលើអាចារ្យម្នាក់ក្តី ដរាបអំពីជួរ នៃអាចារ្យជាគំរប់៧មក បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះទេ
ID: 636872320483874666
ទៅកាន់ទំព័រ៖