ព្រះត្រៃបិដក ភាគ ២៥
ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះចប់ នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកចេះនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និងគហបតីដ៏ចំរើនទាំងអម្បាលម៉ាន តែងនៅអាស្រ័យក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹងព្រះគោតមដ៏ចំរើន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមាណព ព្រហ្មាយុព្រាហ្មណ៍ ចូរសំគាល់នូវកាលគួរ នឹងមកឥឡូវនេះចុះ។ ទើបមាណពនោះ ចូលទៅរកព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រហ្មាយុព្រាហ្មណ៍ ដូច្នេះថា ព្រះសមណគោតម បានបើកឱកាស ដល់អ្នកដ៏ចំរើនហើយ អ្នកដ៏ចំរើន ចូរសំគាល់នូវកាលគួរនឹងទៅឥឡូវនេះចុះ។
ID: 636872258927943869
ទៅកាន់ទំព័រ៖