ព្រះត្រៃបិដក ភាគ ២៥
[១៣៧] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បើព្រាហ្មណមហាសាលណាមួយ ដែលនៅក្នុងកោសលជនបទ ដូចជាចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិព្រាហ្មណ៍ ឬតោទេយ្យព្រាហ្មណ៍ ជាបិតារបស់អ្នកឯង គប្បីពោលវាចាណា តាមលោកវោហារក្តី ពោលវាចាណា មិនតាមលោកវោហារក្តី តើវាចាដូចម្តេច របស់ព្រាហ្មណមហាសាលទាំងនោះ ដែលជាវាចាប្រសើរជាងគេ។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលពោលតាមលោកវោហារ ជាវាចាប្រសើរ។ ព្រាហ្មណ៍ទាំងនោះ ត្រិះរិះហើយ ពោលវាចាក្តី មិនបានត្រិះរិះ ហើយពោលវាចាក្តី តើវាចារបស់ពួកព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលត្រិះរិះហើយពោល ប្រសើរជាង។ ព្រាហ្មណ៍ទាំងនោះ ដឹងហើយ ពោលវាចាក្តី មិនដឹង ហើយពោលវាចាណាក្តី តើវាចារបស់ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលព្រាហ្មណ៍ទាំងនោះដឹងហើយពោល ប្រសើរជាង។
ID: 636872321567466644
ទៅកាន់ទំព័រ៖