ព្រះត្រៃបិដក ភាគ ២៥
ម្នាលមាណព តថាគត ពោលបីតិ ដែលអាស្រ័យនូវកាមគុណ ទាំង៥ ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព មួយទៀត ភ្លើងមិនអាស្រ័យស្មៅ និងឧសជាកំញម ឆេះឡើងបាន ដូចម្តេចមិញ ម្នាលមាណព តថាគត ពោលបីតិ ដែលប្រាសចាកកាមទាំងឡាយផង ប្រាសចាកអកុសលធម៌ទាំងឡាយផង ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព ចុះបីតិ ដែលប្រាសចាកកាមទាំងឡាយផង ប្រាសចាកអកុសលធម៌ទាំងឡាយផង ដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ។បេ។ ក៏ចូលបឋមជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯងឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌ទាំងឡាយ។ ម្នាលមាណព មួយទៀត ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ វិចារៈរួចហើយ។បេ។ ចូលទុតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯងឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌ទាំងឡាយ។
ID: 636872322666099483
ទៅកាន់ទំព័រ៖