ព្រះត្រៃបិដក ភាគ ២៥
បើគេសួររកផ្លូវនឡការគ្រាម នឹងបុរសដែលទើបចេញអំពីនឡការគ្រាម មួយរំពេចនោះ ម្នាលមាណព តើបុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាមនេះ ដែលគេសួររកផ្លូវ របស់នឡការគ្រាម នឹងមានសេចក្តីយឺតយូរ អឹមអៀមដែរឬ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ មិនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ផ្លូវរបស់នឡការគ្រាម សព្វអន្លើ បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាមនោះ ស្គាល់ច្បាស់ហើយ។ ម្នាលមាណព បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាម ដែលគេសួររកផ្លូវ របស់នឡការគ្រាម មានសេចក្តីយឺតយូរអឹមអៀមខ្លះ ឯតថាគត កាលបើមានគេសួររកព្រហ្មលោក ឮការប្រតិបត្តិទៅកាន់ព្រហ្មលោក ក៏ឥតមានសេចក្តីយឺតយូរ អឹមអៀមឡើយ ម្នាលមាណព ព្រោះតថាគត ស្គាល់ច្បាស់នូវព្រហ្មផង នូវព្រហ្មលោកផង នូវបដិបទា ទៅកាន់ព្រហ្មលោកផង
ID: 636872324007696218
ទៅកាន់ទំព័រ៖