ព្រះត្រៃបិដក ភាគ ២៥
សគារវសូត្រ ទី១០
[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ ក៏សម័យនោះឯង ព្រាហ្មណី ឈ្មោះនាងធនញ្ជានី នៅអាស្រ័យក្នុងស្រុក បច្ចលក័ប្ប ជាស្ត្រីមានសេចក្តីជ្រះថ្លាមាំមួន ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ គ្រានោះ នាងធនញ្ជានីព្រាហ្មណី ភ្លាត់មាត់បន្លឺឧទានវាចា អស់វារៈ៣ដងថា សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ... សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
[១៥២] សម័យនោះឯង មាណពឈ្មោះ សគារវៈ នៅអាស្រ័យក្នុងបច្ចលកប្បគ្រាម ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ មិនទើសទាល់ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ។
ID: 636872325452958882
ទៅកាន់ទំព័រ៖