ព្រះត្រៃបិដក ភាគ ២៥
[១៥៨] ម្នាលភារទ្វាជៈ សេចក្តីឧបមា៣យ៉ាង មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់ក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ ដែលត្រាំទឹក មានបុរសកាន់យកនូវឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងពួតភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកនូវពំនួតភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ នៅមានជ័រដែលត្រាំទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ នៅស្រស់ មានជ័រ មួយទៀត កំណាត់ឈើនោះ ត្រាំទឹកផង ឯបុរសនោះឯង គ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្តប៉ុណ្ណោះ។
ID: 636872330187779698
ទៅកាន់ទំព័រ៖