ព្រះត្រៃបិដក ភាគ ២៥
ខ្យល់ខ្លាំង ក៏ចាក់ដោតអំបែងក្បាល យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងមិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៤] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន តទៅទៀត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទនូវខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានទុក្ខវេទនា ក្នុងក្បាលដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង យកកំណាត់ព្រ័ត្រដ៏មាំ មករុំព័ទ្ធក្បាល យ៉ាងណាមិញ
ID: 636872331953170673
ទៅកាន់ទំព័រ៖