ព្រះត្រៃបិដក ភាគ ២៥
ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាប់បុរសដែលខ្សោយ ឰដ៏ដើមដៃមួយម្ខាង ហើយកំដៅ ក្នុងរណ្តៅដ៏ពេញ ដោយរងើកភ្លើង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគតតម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាមដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។ ម្នាលភារទ្វាជៈ ពួកទេវតាបានឃើញតថាគតហើយ ក៏ពោលយ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលទៅហើយ។
ID: 636872332619768800
ទៅកាន់ទំព័រ៖