ព្រះត្រៃបិដក ភាគ ២៥
សម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានសម្រេចចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា សម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[១៧២] កាលបើចិត្តតំកល់ខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ គឺរលឹកឃើញ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ បឋមវិជ្ជានេះឯង តថាគត បានក្នុងវេលាបឋមយាម នៃរាត្រី ឯអវិជ្ជា បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
ID: 636872334440562943
ទៅកាន់ទំព័រ៖