ព្រះត្រៃបិដក ភាគ ២៥
កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការដូច្នោះមែនឬ ឬថាមិនមែនដោយប្រការដូច្នោះទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ។ ព្រហ្មាយុព្រាហ្មណ៍ពោលថា នែបាឧត្តរៈ មហាបុរសប្រកបដោយមហាបុរិសលក្ខណៈទាំង៣២ ដែលមានមក ក្នុងមន្តវេទរបស់យើង រមែងមានតែគតិ២ យ៉ាងប៉ុណ្ណោះ មិនមែនខុសអំពីគតិ២យ៉ាងនោះទេ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មរាជប្រកបដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ឈ្នះអស់សត្រូវទាំងខាងក្នុង ខាងក្រៅ
(១) ដល់នូវការមាំមួន ក្នុងជនបទ ប្រកបដោយកែវទាំង៧ប្រការ ឯកែវទាំង៧ប្រការនេះ របស់ស្តេចចក្រពត្តិនោះគឺ ចក្កកែវ១ ដំរីកែវ១ សេះកែវ១ មណិកែវ១ ស្រីកែវ១ គហបតិកែវ១ បរិនាយកកែវ១ ជាគំរប់៧ មួយទៀត ព្រះរាជានោះ មានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពអង់អាច អាចញាំញីនូវសេនានៃស្តេចដទៃបាន ព្រះរាជានោះ មានជ័យជំនះ នៅគ្រប់គ្រងផែនដីនេះ មានសាគរជាទីបំផុត ប្រកបដោយធម៌ មិនមានគ្រឿងវាយដំ មិនមានគ្រឿងកាប់ចាក់ បើចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ
(១) សត្រូវខាងក្នុង មានសេចក្តីក្រោធជាដើម សត្រូវខាងក្រៅ មានស្តេចដទៃជាដើម។
ID: 636872254562674189
ទៅកាន់ទំព័រ៖