ព្រះត្រៃបិដក ភាគ ២៥
[២៣] សម័យនោះឯង សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ជាអ្នកចេះចប់ត្រៃវេទ គឺឥរុវេទ យជុវេទ និងសាមវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នករៀននូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ តែងបង្រៀន នូវមន្តទាំងឡាយ ដល់ពួកមាណពជំទង់ៗ ចំនួន ៣០០នាក់។ សម័យនោះ កេណិយជដិល ជាអ្នកជ្រះថ្លា ចំពោះសេលព្រាហ្មណ៍។ គ្រានោះ សេលព្រាហ្មណ៍ មានពួកមាណពជំទង់ៗ ចំនួន ៣០០នាក់ហែហម ដើរត្រាច់ចុះឡើង ដើម្បីសម្រួលស្មង ហើយក៏ចូលទៅអាស្រមរបស់កេណិយជដិល។ សេលព្រាហ្មណ៍ បានឃើញមនុស្សពួកខ្លះ កំពុងជីកគុកធ្វើចង្ក្រាន ពួកខ្លះកំពុងពុះឧស ពួកខ្លះ កំពុងលាងភាជន៍ ពួកខ្លះកំពុងតម្កល់ក្អមទឹក ពួកខ្លះកំពុងក្រាលអាសនៈ ជិតអាស្រមរបស់កេណិយជដិល
ID: 636872262901151123
ទៅកាន់ទំព័រ៖