ព្រះត្រៃបិដក ភាគ ២៥
ហាមប្រាមពួកមាណពទាំងនោះថា ចូរអ្នកដ៏ចម្រើនទាំងឡាយ មានសំឡេងតិចៗ ដើរមក ចូរអ្នកដ៏ចំរើនទាំងឡាយ ថ្នមជើងរាល់ៗជំហាន តាំងពីចម្ងាយ បណ្តើរៗទៅ ចូរអ្នកដ៏ចំរើនទាំងនោះ ធ្វើដូចជាសីហៈ ត្រេចទៅតែម្នាក់ឯង កាលណាបើខ្ញុំត្រូវប្រឹក្សា មួយអន្លើ ដោយព្រះសមណគោតមដ៏ចំរើន អ្នកដ៏ចម្រើនទាំងឡាយ កុំធ្វើពាក្យរបស់ខ្ញុំ ឲ្យដាច់ក្នុងចន្លោះៗឡើយ ចូរអ្នកដ៏ចម្រើនទាំងឡាយ បង្អង់ចាំខ្ញុំនិយាយចប់សិន។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសេលព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិចារណាមើល នូវមហាបុរិសលក្ខណៈ ទាំង៣២ ក្នុងព្រះកាយ របស់ព្រះដ៏មានបុណ្យ។ សេលព្រាហ្មណ៍ បានឃើញមហាបុរិសលក្ខណៈ ទាំង៣២ ក្នុងព្រះកាយ របស់ព្រះមានបុណ្យដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ប្រការ ចេញ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ (នោះ) គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។
ID: 636872263612391804
ទៅកាន់ទំព័រ៖