ព្រះត្រៃបិដក ភាគ ២៥
[៣៨] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍ ទើបគួរនាំយកកញ្ចប់គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលបាន ក្សត្រិយ៍ មិនគួរ វេស្សៈមិនគួរ សុទ្ទៈមិនគួរឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី ក៏គួរកាន់យកកញ្ចប់គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី... បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី... បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី... បពិត្រព្រះគោតមដ៏ចំរើន តាមពិត វណ្ណៈទាំង ៤ សុទ្ធតែគួរកាន់យកកញ្ចប់គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលបានទាំងអស់គ្នា។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះ
ID: 636872285610270010
ទៅកាន់ទំព័រ៖