ព្រះត្រៃបិដក ភាគ ២៥
[៤៨] កាលឃោដមុខព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ឧទេនភិក្ខុមានអាយុ ក៏ចុះអំពីទីចង្ក្រម ចូលទៅកាន់វិហារ ហើយអង្គុយលើអាសនៈ ដែលគេក្រាលបំរុងទុក។ ចំណែកឃោដមុខព្រាហ្មណ៍ ក៏ចុះអំពីទីចង្ក្រម ហើយចូលទៅកាន់វិហារ ឋិតក្នុងទីដ៏សមគួរដែរ។ លុះឃោដមុខព្រាហ្មណ៍ ឋិតក្នុងទីដ៏សមគួរហើយ ទើបឧទេនភិក្ខុមានអាយុ និយាយដូច្នេះថា ម្នាលព្រាហ្មណ៍ អាសនៈទាំងឡាយ មានគ្រប់គ្រាន់ ប្រសិនបើអ្នកត្រូវការ អញ្ជើញអង្គុយចុះ។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា យើងរង់ចាំឧទេនភិក្ខុដ៏ចំរើនទេតើ យើងមិនហ៊ានអង្គុយលើអាសនៈនុ៎ះទេ ព្រោះថា បុគ្គលប្រហែលដូចខ្ញុំ បើគេមិនអញ្ជើញមុនហើយ ធ្វើម្តេចនឹងហ៊ានអង្គុយលើអាសនៈ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ កាន់យកអាសនៈដ៏ទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះឃោដមុខព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយដូច្នេះ នឹងឧទេនភិក្ខុមានអាយុថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌មិនមានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួសយ៉ាងនេះ បានជាខ្ញុំចូលចិត្តដូច្នោះ
ID: 636872288922069434
ទៅកាន់ទំព័រ៖