ព្រះត្រៃបិដក ភាគ ២៥
បុគ្គលនេះឯង មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនេះឯង មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ មិនបានកំដៅខ្លួនឯងផង មិនបានកំដៅបុគ្គលដទៃផង មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនេះ ទើបអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។ ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះហេតុអ្វី បានជាបុគ្គលទាំង៣ពួកនេះ មិនអាចញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួន ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា ដុតកំដៅបុគ្គលដទៃ ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ
ID: 636872289555835684
ទៅកាន់ទំព័រ៖