ព្រះត្រៃបិដក ភាគ ២៥
សុត្តន្តបិដក មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក
ឆដ្ឋភាគ
ព្រាហ្មណវគ្គ
ព្រហ្មាយុសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប។ សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ និឃណ្ឌុ និងគម្ពីរឈ្មោះ កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះ ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ។ ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង
ID: 636872253594928838
ទៅកាន់ទំព័រ៖