ព្រះត្រៃបិដក ភាគ ២៥
វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុបទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា ត្រូវតែបំរើអ្នកទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា មិនត្រូវបំរើអ្នកទាំងអស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើគេបំរើបុគ្គលណា សទ្ធាចំរើន សីលចំរើន សុតៈចំរើន ចាគៈចំរើន ប្រាជ្ញាក៏ចំរើន ព្រោះការបំរើ (នោះ) ជាហេតុ តថាគត ទើបពោលថា ត្រូវបំរើបុគ្គលនោះ។
[៨២] កាលបើព្រះមានបុណ្យ សំដែងយ៉ាងនេះហើយ ឯសុការីព្រាហ្មណ៍ បានក្រាបទូលព្រះមានបុណ្យ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តទ្រព្យ ៤យ៉ាង គឺបញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់ព្រាហ្មណ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ១ បញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់សុទ្ទៈ១។
ID: 636872304192682864
ទៅកាន់ទំព័រ៖