ព្រះត្រៃបិដក ភាគ ២៥
ព្រាហ្មណ៍ទាំងនោះ ពោលវាចាណា ដែលប្រកបដោយប្រយោជន៍ក្តី មិនប្រកបដោយប្រយោជន៍ក្តី តើវាចារបស់ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលព្រាហ្មណ៍ទាំងនោះ ពោលប្រកបដោយប្រយោជន៍ (ប្រសើរជាង)។
[១៣៨] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន វាចាដែលបោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ពោលតាមលោកវោហារ ឬមិនពោលតាមលោកវោហារទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលតាមលោកវោហារ។ បោក្ខរសាតិព្រាហ្មណ៍ ពិចារណាហើយពោលវាចា ឬមិនបានពិចារណា ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានពិចារណាទេ។ បោក្ខរសាតិព្រាហ្មណ៍ ដឹងហើយ ពោលវាចា ឬមិនបានដឹង ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានដឹងទេ។ បោក្ខរសាតិព្រាហ្មណ៍ ពោលវាចាប្រកបដោយប្រយោជន៍ ឬមិនបានប្រកបដោយប្រយោជន៍ទេ។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលវាចាមិនប្រកបដោយប្រយោជន៍ទេ។
ID: 636872321889365056
ទៅកាន់ទំព័រ៖