ព្រះត្រៃបិដក ភាគ ២៥
ទាំងឡាយ ព្រះធម៌ ដែលព្រះគោតមដ៏ចំរើន បានសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ មួយទៀត សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលនូវភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។
[១៨] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះរាត្រីនោះកន្លងទៅ ព្រហ្មាយុព្រាហ្មណ៍ ឲ្យតាក់តែងខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ក្នុងផ្ទះរបស់ខ្លួនរួចហើយ ឲ្យមនុស្សទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ផ្ទះ របស់ព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំថ្វាយ
ID: 636872261031084161
ទៅកាន់ទំព័រ៖