ព្រះត្រៃបិដក ភាគ ២៥
ក៏សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានបុណ្យ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិលដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅកាន់អាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ ហៅពួកមិត្រអាមាត្យ និងញាតិសាលោហិត (មកនិយាយថា) សូមមិត្រអាមាត្យ និងញាតិសាលោហិត ដ៏ចំរើនទាំងឡាយ ស្តាប់ (ពាក្យខ្ញុំ) ដ្បិតខ្ញុំបាននិមន្តព្រះសមណគោតម មកទទួលភត្ត ក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ ចូរអ្នកទាំងឡាយ ខ្វល់ខ្វាយបម្រើដោយកាយ តាមយើង។ ពួកមិត្រអាមាត្យ និងញាតិសាលោហិត របស់កេណិយជដិល ទទួលស្តាប់ពាក្យកេណិយជដិលថា បាទ លោកដ៏ចំរើន ហើយពួកខ្លះ ជីកគុកធ្វើចង្ក្រាន ពួកខ្លះពុះឧស ពួកខ្លះលាងភាជន៍ ពួកខ្លះតម្កល់ក្អមទឹក ពួកខ្លះក្រាលអាសនៈ។ ឯកេណិយជដិល ចាត់ចែងបារាំ មានសណ្ឋានមូល
(១) ដោយខ្លួនឯង។
(១) អដ្ឋកថា ថា មណ្ឌប (បារាំង) ប្រក់សំពត់។
ID: 636872262714100424
ទៅកាន់ទំព័រ៖