ព្រះត្រៃបិដក ភាគ ២៦
គួរព្យាយាមលះវិវាទមូល ដ៏លាមកនោះចេញ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាមិនឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរប្រតិបត្តិ ដើម្បីកុំឲ្យវិវាទមូល ដ៏លាមកនោះឯង ហូរហៀរតទៅទៀត ការលះបង់វិវាទមូល ដ៏លាមកនុ៎ះ រមែងមាន ដោយប្រការយ៉ាងនេះ ការមិនឲ្យវិវាទមូល ដ៏លាមក ហូរហៀរតទៅទៀត រមែងមាន ដោយប្រការយ៉ាងនេះ។
[៥៦] ម្នាលអានន្ទ មួយទៀត ភិក្ខុជាអ្នកច្រើនលុបគុណគេ ជាអ្នកច្រើនលើកខ្លួន... ជាអ្នកច្រើនច្រណែន ជាអ្នកកំណាញ់... ជាអ្នកអួតអាង ជាអ្នកមានមាយា... ជាអ្នកមានប្រាថ្នាដ៏លាមក ជាអ្នកមានសេចក្តីឃើញខុស... ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកស្ទាបអង្អែល (នូវសីល និងទិដ្ឋិ) ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់បានដោយកម្រ។ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកស្ទាបអង្អែល ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែង ចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យពេញលេញ ក្នុងសិក្ខា។
ID: 636831700996960964
ទៅកាន់ទំព័រ៖