ព្រះត្រៃបិដក ភាគ ២៦
ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ជំនួសលោកមានអាយុទាំងឡាយនេះផង ដើម្បីខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ និងអាបត្តិដែលជាគិហិប្បដិសំយុត្ត។ ម្នាលអានន្ទ តិណវត្ថារកៈ យ៉ាងនេះឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនានេះ រមែងមាន ដោយតិណវត្ថារកៈ យ៉ាងនេះឯង។
[៦៥] ម្នាលអានន្ទ ធម៌៦ប្រការនេះ ជា សារាណីយធម៌ (ធម៌នាំឲ្យរលឹករកគ្នា) ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់ ធម៌៦ប្រការ តើដូចម្តេចខ្លះ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានតាំងកាយកម្ម ប្រកបដោយមេត្តា ក្នុងពួកសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខនេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយទៀត ភិក្ខុបានតាំងវចីកម្ម ប្រកបដោយមេត្តា។បេ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់១។
ID: 636831703939469266
ទៅកាន់ទំព័រ៖